form rfa ដោយ ផន រីណា
បន្ទាប់ពីព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋមីនីសូតា (Minnesota)
បានអនុម័តទទួលស្គាល់អតីតយុទ្ធជនខ្មែរ
ដែលបានជួយយោធាសហរដ្ឋអាមេរិក ក្នុងសង្គ្រាមវៀតណាមមក
តំណាងអង្គការសភាខ្មែរអន្តរជាតិ
បានប្រកាសស្វែងរកឈ្មោះអតីតយុទ្ធជនខ្មែរទាំងនោះ
ដើម្បីបង្កើតជាបញ្ជីរួមមួយឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
ជាពិសេសអាជ្ញាធរប្រចាំរដ្ឋមីនីសូតា ទទួលស្គាល់ពួកគេ។សេចក្ដីអនុម័តទទួល
ស្គាល់អតីតយុទ្ធជនខ្មែរនេះ គឺជាប្រវត្តិសាស្ត្រដំបូងមួយហើយនៅក្នុងសហរដ្ឋអាមេរិក ដែលបានផ្ដល់កិត្តិយសដល់ក្រុមអតីតយុទ្ធជនខ្មែរបម្រើយោធាអាមេរិក ដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ក្នុងសង្គ្រាមវៀតណាម នៅទសវត្សឆ្នាំ១៩៧០។
ពលរដ្ឋខ្មែរអាមេរិកដែលជាអនុប្រធានសភាខ្មែរអន្តរជាតិ លោក ហឿន ហាច់ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា សេចក្ដីសម្រេចទទួលស្គាល់ជាផ្លូវការរបស់សភា និងព្រឹទ្ធសភារដ្ឋមីនីសូតានេះ គឺជាការខិតខំប្រឹងប្រែងរបស់លោក និងអតីតយុទ្ធជនខ្មែរមួយចំនួនដែលនៅរស់រានមានជីវិត រួមជាមួយលោក ស្កុត វ៉កគើ (Scott Walker) ជានាយកសភាខ្មែរអន្តរជាតិ។
លោកបន្តថា ក្រុមអតីតយុទ្ធជនខ្មែរចង់បន្សល់ទុកភស្តុតាងជាផ្លូវការមួយដែល ទទួលស្គាល់ដោយសហរដ្ឋអារាមិកថា ពលរដ្ឋកម្ពុជា កាលជំនាន់នោះបានចូលរួមបម្រើការងារក្នុងយោធាសហរដ្ឋអាមេរិក ហើយកូនខ្មែរជំនាន់ក្រោយក៏នឹងដឹងពីប្រវត្តិសាស្ត្រទាំងនេះ៖ «ខ្ញុំ និងលោក ស្កុត វ៉កគើ ធ្លាប់ឃើញថា ខ្មែរយើងហ្នឹងមានសម្ពន្ធភាពជាមួយអាមេរិកាំង។ នៅពេលខ្មែរយើងធ្លាក់ក្នុងសង្គ្រាម គាត់និងខ្ញុំយល់ថា ខ្មែរយើងអតីតជាយុទ្ធជនហ្នឹងចាស់ អ្នកខ្លះចាស់ជរាស្លាប់។ មួយទៀតគេសម្លាប់បំបិទភស្តុតាងនៅជំនាន់កុម្មុយនិស្ត។ បើខ្ញុំមិនធ្វើនូវប្រវត្តិនេះទេ ខ្មែរយើងនៅខាងក្រោយអត់ដឹងរឿងអតីតយុទ្ធជនខ្មែរជាមួយអាមេរិកាំង ហ្នឹងទេ ដូច្នេះបានជាខ្ញុំហ្នឹងខំធ្វើ»។
លោក ហឿន ហាច់ ក៏បានអំពាវនាវដល់អតីតយុទ្ធជនខ្មែរទាំងអស់ដែលនៅរស់រានមានជីវិត ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ឲ្យបញ្ជូនឯកសារទៅកាន់អង្គការរបស់លោកដើម្បីចុះឈ្មោះក្នុងបញ្ជី។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី ក៏បានសាកសួរថា តើមានភស្តុតាងអ្វីដែលសំអាងថា ជនម្នាក់ ជាអតីតយុទ្ធជនបម្រើការងារឲ្យយោធាសហរដ្ឋអាមេរិកនោះ?
លោក ហឿន ហាច់ មានប្រសាសន៍បន្តថា ពលរដ្ឋខ្មែរស្ទើរតែទាំងអស់ពិបាករកឯកសារណាស់ ព្រោះកម្ពុជា ឆ្លងកាត់សង្គ្រាម ប៉ុន្តែពួកគេអាចរៀបរាប់ពីប្រវត្តិរបស់ពួកគេ ដើម្បីកំណត់តើថា ពួកគេពិតជាបានធ្វើការបម្រើយោធាអាមេរិក៖ «យើង គ្មានភស្តុតាងទេ ជួនកាលយើងយករឿងហ្នឹងទៅតាមសាច់រឿង គេនិយាយហើយជួនកាលគេអាចបន្លំ ជួនកាលគេមិនអាចបន្លំ ពីព្រោះថា ការដែលយើងយកសាច់រឿងមក យើងជឿថា បុគ្គលហ្នឹងគេនិយាយពិតយើងក៏យកសម្ដីបុគ្គលម្នាក់គេនិយាយរឿង ដែរ»។
អតីតយុទ្ធជនខ្មែរ និងជាពលរដ្ឋអាមេរិកាំង រស់នៅក្នុងសហរដ្ឋអាមេរិក លោក សួស ហឿន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកមានការចងចាំច្រើននូវរឿងរ៉ាវ នាសម័យនោះ លោកបានលើកឡើងដែរថា លោកធ្លាប់បានទៅប្រយុទ្ធនឹងទាហានយៀកកុង វៀតណាមខាងជើង៖ «ខ្ញុំ ចូលជា BE ហើយហ្នឹង ខ្ញុំទៅវ៉ៃនៅអ្នកលឿងហ្នឹងទ័ពអាមេរិកាំងហើយ។ ខ្ញុំសូមជម្រាបថា កាលឆ្នាំ១៩៧០ អាហ្នឹងវាយជាមួយយួនផ្ទាល់ហើយនៅសៀមរាប ក្រឡាញ់។ ដល់តែវាយជាមួយយួនបែកអស់ហើយហ្នឹង ក៏ទៅបើកផ្លូវទឹកពីអ្នកលឿង ទៅស្រុកយួន តាមពារាំងក្រោមលើហ្នឹង វាយខ្លាំងដែរ មកពីហ្នឹងវិញបានចូលមកជិតភ្នំពេញហ្នឹង។ កាលហ្នឹងគេហៅយៀកកុង យួន ហ្នឹង...»។
ទាក់ទងនឹងសេចក្ដីសម្រេចចិត្តទទួលស្គាល់អតីតយុទ្ធជនខ្មែរដែលពី រដ្ឋមីនីសូតានេះ លោក ហឿន ហាច់ មានប្រសាសន៍ថា នេះគ្រាន់តែជាជំហានដំបូងមួយ ហើយបច្ចុប្បន្ននេះ អង្គការរបស់លោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីឲ្យព្រឹទ្ធសមាជិកនៃរដ្ឋផ្សេងទៀតទទួលស្គាល់។លោកសង្ឃឹមថា នៅមានអតីតយុទ្ធជនខ្មែរជាច្រើនទៀតដែលនៅរស់ ហើយនិងចេញមកបង្ហាញខ្លួនចុះក្នុងបញ្ជីឈ្មោះ។
អតីតយុទ្ធជនខ្មែរអាចទាក់ទងអង្គការរបស់លោកបានតាមការផ្ញើសារ អេឡិចត្រូនិក (Email)៖ bonh@hotmail.com ឬទូរស័ព្ទមកលេខ ៦៥១ ៤២៨ ០៥០២។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចស្វែងរកនៅលើគេហទំព័រ៖ www.ikainternational.org៕







