ទឹកប្រាក់ ៣០០០ ដុល្លារ​នឹង​ក្លាយ​ជា​របស់​អ្នក បើ​សិន​ជា​អ្នក​មាន​សមត្ថភាព​អាច​ឈ្នះ​ការ​ប្រកួត​ប្រជែង​​ក្នុង​កម្មវិធី The Cambodian Human Rights Portal Web Design Competition  សម្រាប់ការ​​រចនា​បង្កើត​​ Homepage  ថ្មី​របស់មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ​ក៏​ដូចជា Tool ចាំ​បាច់​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​​បញ្ហា​ច្បាប់​ជាតិ​និង​ អន្តរជាតិរបស់​បណ្តា​ស្ថាប័ន​ដែល​កំពុង​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្រកួត​ប្រជែង​នេះ​មាន​ការ​បើក​ទូលាយ​មិន​ថា​សិស្ស​និស្សិត​ បុគ្គលិក និង​មន្ត្រី​រាជការ​នៅ​តាម​បណ្ដា​ស្ថាប័ន​ទាំង​រដ្ឋ​និង​ឯកជន ហើយ​ប្រជាជន​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​អាច​ ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​បាន​ដែរ។
សម្រាប់​បេក្ខជន​ដែល​មាន​ការ​ចាប់អារម្មណ៍ អាច​ដាក់ពាក្យ​ចូលរួម​ចាប់ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ ១ មិថុនា​ ខាង​មុខ​ ដោយ​ត្រូវ​បញ្ជាក់​ឈ្មោះ​ អាសយដ្ឋាន លេខ​ទំនាក់ទំនង​និង​ទីកន្លែង​ធ្វើការ​ជា​ដើម។ ក្នុង​អំឡុង​ចុះ​ឈ្មោះ គណៈកម្មការ​នឹង​ជ្រើសរើស​យក​តែ​បេក្ខជន​ចំនួន ១២ រូប​តែ​ប៉ុណ្ណោះដើម្បី​បន្ត​ដំណើរការណ៍​ប្រកួត​បន្ត​ទៀត។
ជាមួយ​គ្នា​នេះ​ដែរ បេក្ខជន​ដែល​ជាប់ shortlisted នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​តម្រង់​ទិស​ដែល​រៀបចំ​ឡើង​ដោយ​បុគ្គលិក​របស់ CCHR នៅ​ទីកន្លែង​ដែល​បាន​កំណត់​ក្នុង​រាជធានី​ភ្នំពេញ។ ចំណែក​បេក្ខជន​នៅ​ក្រៅ​ប្រទេស នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​​​តាម​រយៈ​ Skype ដើម្បី​ណែនាំ​ពី​ការងារ​របស់ CCHR និង​គម្រោង​សិទ្ធិ (Sithi Project)។
បេក្ខជន​ទាំង ១២ រូប​ដែល​ជាប់​ការ​ជ្រើសរើស​នឹង​ត្រូវ​បញ្ជូន​គំរូ Website Design នៅ​ត្រឹម​ថ្ងៃ ៣ សីហា ឆ្នាំ​២០១២ ដើម្បី​ជ្រើសរើស​ហើយ​លទ្ធផល​នឹង​ត្រូវ​គេ​ប្រកាស​នៅ​ថ្ងៃ ៩ សីហា ២០១២។
លក្ខន្តិក​និង​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​ការ​ចុះ​ឈ្មោះ​ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ http://sithi.org/webaward/
ដោយ៖ ប៊ុណ្ណារ៉ា