អ្នកភូមិខេត្តរតនៈគីរីបាននាំគ្នាចូល
ព្រៃដើម្បីជីករ៉ែមាស
បន្ទាប់ពីតម្លៃមាសបានឡើងថ្លៃកប់ពពកនៅក្នុងរយៈពេលថ្មីៗនេះ។...
ពួកគេអះអាងថា
ពួកគេប្រថុយប្រថានជីករ៉ែដោយដៃនោះគឺដើម្បីផ្គត់ផ្គង់ជីវភាព
គ្រួសារក្រីក្ររបស់ពួកគេ។ ប៉ុន្តែក្រុមអ្នកជីករ៉ែទាំងនោះ
ងាយរងគ្រោះខ្លាំងណាស់
ដោយសារជម្ងឺគ្រុនចាញ់និងការប៉ះពាល់សារធាតុគីមី។
លោក ផុន ភក្តិ
និងសមាជិកមួយចំនួនទៀតក្នុងគ្រួសារបានសម្រេចចិត្តមកជីករ៉ែមាស
នៅតំបន់ភ្នំប៉ាង ក្នុងភូមិព្រៃមាស
ចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងបានលុងនៃខេត្តរតនៈគីរីនេះ
បន្ទាប់ពីមាសបានឡើងថ្លៃរហូតដល់ជាង២ពាន់ដុល្លារអាមេរិកក្នុង
មួយតម្លឹងនាពេលថ្មីៗនេះ។
លោកនិយាយថា ការជីករ៉ែមាសក្នុងលក្ខណៈតូចតាចនេះអាចរកប្រាក់ចំណូលបានខ្លះដែរសម្រាប់គ្រួសាររបស់លោក។
«ជួនកាលថ្ងៃណាវាត្រូវទៅបាន១ជីអីទៅ។ ថ្ងៃណាអត់ត្រូវ ៤ឬ៥ហ៊ុនអីទៅ។ ថ្ងៃណាធ្លាក់ទៅ ១ហ៊ុនក៏មានដែរ»។
ក្រុមអ្នកជីករ៉ែមាននៅទីនេះ និយាយថា
មានអ្នកភូមិរាប់រយគ្រួសារមកពីតំបន់ផ្សេងៗ
បាននាំគ្នាមកជីករ៉ែមាសនៅជុំវិញតំបន់ភ្នំប៉ាងនេះ។
ពួកគេអះអាងថា
មូលហេតុដែលពួកគេនាំគ្នាមកជីករ៉ែនេះ
គឺដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ
ដោយសារពួកគេគ្មានដីស្រែចម្ការគ្រប់គ្រាន់សម្រាប់ធ្វើ
ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
លោកហ៊ូ ឈុនមានប្រសាសន៍ថា
ជាជាងពឹងផ្អែកតែទៅលើដីស្រែចម្ការទំហំមិនដល់១ហិកតារបស់លោកនៅ
ជិតផ្ទះក្នុងស្រុកអូរយ៉ាដាវនោះ
លោកសុខចិត្តនាំកូនក្មួយមកផ្សងព្រេងជីករ៉ែមាសនៅទីនេះវិញ។
«ហេងស៊យ ចេះតែតាមទៅ។ ពេលខ្លះក៏បានច្រើនអញ្ចឹងទៅ។ ជួនក៏បានតិច អត់ទៀងទេរបស់ក្នុងដី»។
ប៉ុន្តែអ្នកជំនាញនិយាយថា
ក្រុមអ្នកជីករ៉ែនៅទីនេះភាគច្រើនកំពុងប្រឈមនឹងបញ្ហាសុខភាព
ដោយសារធូលីដីនិងការប៉ះពាល់សារធាតុបារតដែលគេប្រើសម្រាប់ចាប់យក
កម្ទេចមាសជាដើម។អ្នកជីករ៉ែខ្លួនឯងផ្ទាល់និយាយថា ពួកគេខ្លះក៏កំពុងប្រឈមនឹងជម្ងឺគ្រុនចាញ់ផងដែរ។
«ខែហ្នឹងកំពុងត្រែគ្រុនចាញ់ មានគ្រុនចាញ់ច្រើននៅកន្លែងហ្នឹង»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយថា
អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញគួរចាត់វិធានការបណ្តុះបណ្តាលដល់
អ្នកប្រកបអាជីវកម្មជីករ៉ែមាសខ្នាតតូចទាំងនេះ
ដើម្បីឲ្យពួកគេអាចការពារសុខភាពនិងសុវត្ថិភាពក្នុងពេលបំពេញ
ការងារឲ្យបានល្អប្រសើរជាងនេះ។
លោកប៉ែន ប៊ុណ្ណារ៍គឺជាអ្នកសម្របសម្រួលនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះ។
«ការធ្វើរ៉ែនេះអាចប៉ះពាល់សារធាតុគីមី
អញ្ចឹងវាធ្វើឲ្យប៉ះពាល់សុខភាព។ ដូច្នេះ
ស្ថាប័នជំនាញខាងរ៉ែហ្នឹងគួរតែបង្ហាត់បង្ហាញដល់ប្រជាពលរដ្ឋជនជាតិ
ដើមភាគតិចយើងឲ្យបានយល់ពីផលប៉ះពាល់ដែលអាចកើតឡើងពីការធ្វើ
រ៉ែ»។
ប៉ុន្តែអាជ្ញាធរខេត្តនិងមន្ត្រីជំនាញខាងរ៉ែនេះបាន
និយាយថា ការជីករ៉ែរបស់អ្នកភូមិទាំងនេះ
គឺជាសកម្មភាពខុសច្បាប់និងបានត្រឹមតែធ្វើឲ្យប៉ះពាល់ដល់
បរិស្ថានជុំវិញតំបន់នេះតែប៉ុណ្ណោះ។
ដូច្នេះពួកគេនិយាយថា
ប្រជាពលរដ្ឋទាំងនេះគួរតែវិលត្រឡប់ទៅប្រកបរបរកសិកម្ម
ធ្វើស្រែចម្ការនៅតាមភូមិស្រុករបស់ពួកគេវិញប្រសើរជាង៕








