ប្រទេសកម្ពុជាបានត្រៀមខ្លួននាំចេញអង្ករប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក ហ្គីតា
វ៉ៃចាវ៉ាន (Gitta Wirjawan) [ឆ្វេង] និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា
លោក ចម ប្រសិទ្ធ ក្នុងពិធីចុះហត្ថលេខាប្ដូរអនុស្សរណៈយោគយល់គ្នា
កាលពីល្ងាចថ្ងៃ២៨ សីហា ឆ្នាំ២០១២។
កាលពីថ្ងៃអង្គារ ទី២៨ ខែសីហា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៤ នៅឯខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីរួមគ្នារក្សាស្ថិរភាពនៃទីផ្សារអង្កររវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា គេបានយល់ព្រមលក់អង្ករប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំៗទៅឱ្យប្រទេសឥណ្ឌូនេស៊ី។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលក់អង្ករចំនួន ១០ម៉ឺនតោនក្នុង១ឆ្នាំៗទៅឱ្យប្រទេសឥណ្ឌូនេស៊ី គឺមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០១២ រហូតទៅដល់ឆ្នាំ២០១៦ ខាងមុខ។
លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីល្ងាចថ្ងៃអង្គារ ទី២៨ ខែសីហា ថា នេះជាលើកដំបូងដែលកម្ពុជា បានព្រមព្រៀងលក់អង្ករទៅឱ្យប្រទេសឥណ្ឌូនេស៊ី ចំនួនច្រើនម៉ឺនតោនក្នុង១ឆ្នាំៗ ដែលកម្ពុជាជឿជាក់ថា នឹងអាចធ្វើទៅបាន។
លោក ចម ប្រសិទ្ធ៖ «យើងបានសំរេចថា រវាងក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី គេហៅថា ប៊ូឡុក ហើយជាមួយក្រុមហ៊ុនរដ្ឋរបស់យើង ហ្គ្រីន ថ្រេត (Green Trade) ហើយនិងក្រុមហ៊ុនដទៃទៀតដែលនៅក្នុងកម្ពុជា យើងនឹងផ្គត់ផ្គង់លក់អង្ករយ៉ាងហោច ១សែនតោនក្នុង១ឆ្នាំឱ្យឥណ្ឌូនេស៊ី ហើយ ហ្នឹងគឺជាការសាកល្បង ព្រោះកាលណាលទ្ធភាពកម្ពុជា អាចផ្គត់ផ្គង់លើសពី ១សែនតោន គឺលក់លើសពី ១សែនតោន»។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងការលក់អង្ករកម្ពុជា ទៅឱ្យឥណ្ឌូនេស៊ីនេះ គឺយោងទៅតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខានៅទីក្រុងហ្សាកាតា កាលពីអំឡុងខែមិថុនា ឆ្នាំ១៩៩៤ ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។
លោក ហ្គីតា វ៉ៃចាវ៉ាន (Gitta Wirjawan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជនៃប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា វាជាឥរិយាបថដ៏ល្អមួយរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការនាំចេញអង្ករកម្ពុជា ទៅឥណ្ឌូនេស៊ីនោះ។
លោក ហ្គីតា វ៉ៃចាវ៉ាន បានមានប្រសាសន៍ទៀតថា អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការលក់អង្ករកម្ពុជា ទៅប្រទេសឥណ្ឌូនេស៊ី គឺជាជំហានដំបូងមួយក្នុងចំណោមជំហានជាច្រើនទៀតសម្រាប់ទំនាក់ទំនងកម្ពុជា និងឥណ្ឌូនេស៊ី។
ជាច្រើនឆ្នាំមកនេះ អង្ករកម្ពុជា ដែលគេដឹងថាមិនប្រើប្រាស់ជីគីមីបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនៃប្រទេសអឺរ៉ុប ហើយផែនការរបស់រដ្ឋាភិបាលកម្ពុជា ដែលទទួលជោគជ័យ មានគំរោងនឹងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានចំនួនជាង ១លានតោននៅឆ្នាំ២០១៥។
កាលពីថ្ងៃល្ងាចថ្ងៃទី២៨ ខែសីហា ក្រៅពីឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីទិញអង្ករកម្ពុជា គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន លោក ឈិន ដេមីង (Chin Deming) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ផងដែរ។ នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានជំរុញឱ្យមានការនាំចេញកសិផលកម្ពុជា មានដំឡូង ពោត និងអង្ករប្រមាណ ៣សែនតោនក្នុង១ឆ្នាំៗ ទៅកាន់ប្រទេសចិន៕From RFA