តៃប៉ិៈ យោងតាមគេហទំព័រសិង្ហបុរី ”
Channel News Asia” ចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ថា លោក ម៉ា
យ៉ីង-ហ្ស៊ូ ប្រធានាធិបតី កោះតៃវ៉ាន់ ស្បថចូលកាន់តំណែង នៅថ្ងៃអាទិត្យនេះ
ក្នុងអណត្ដិទី២ និងជាការ គ្រប់គ្រងតំណែងចុងក្រោយ ក្នុងរយៈពេល ៤ឆ្នាំ
របស់លោកផងដែរ ខណៈដែលមានក្រុម អ្នកតវ៉ាជាច្រើនប្រឆាំង នឹងការសម្រេច
នាំសាច់គោពីសហរដ្ឋអាមេរិក ។
នៅក្នុងសេក្ដីថ្លៃងការណ៍ របស់លោក ម៉ា នៅចំពោះមុខអ្នកតវ៉ានៅលើ កោះតៃវ៉ាន់ ខណៈដែល លោកបានត្រូវគេ បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីក្នុង អណត្ដិទី២ នៅក្នុងខែមករា កន្លងមកនេះ លោកបានសន្យាថា នឹងរក្សាកិច្ចព្រមព្រៀង លើវិស័យពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេស និងបន្ដដឹកនាំតាម គោលការណ៍របស់ចិនផងដែរ ។
ប៉ុន្ដែមុនពេលការចាប់ផ្ដើមឡើង កាន់តំណែងក្នុងអាណត្ដិទី២ របស់លោក ម៉ា ត្រូវបានរងការរិះគន់ និងមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកតវ៉ាទាំងឡាយ ដោយមានការគប់ពងទារ ដល់ប្រមុខដឹកនាំរដ្ឋាភិបាលនេះ ពីក្រុមបាតុកររាប់ពាន់នាក់ទៀតផង ។
លោក ម៉ា បានសន្យាផងដែរចំពោះការចូលកាន់ តំណែងរបស់លោកជាថ្មីម្ដងទៀត ដោយលោកនឹងជំរុញទៅលើ ការដោះស្រាយតម្លៃប្រេងឥន្ធនៈ និងតម្លៃថាមពលអគ្គិសនីធ្លាក់ចុះ រួមទាំងអត្រាអតិផរណាដែរ ខណៈដែលសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ កើនឡើងយឺតក៏ដោយ ។
ផ្អែកតាមគម្រោងការរបស់ រដ្ឋាភិបាលរបស់លោក ម៉ា នឹងអនុញ្ញតនាំចូលសាច់គោ ពីសហរដ្ឋអាមេរិក និងបង្កើនការត្រួតពិនិត្យលើការប្រើប្រាស់ឱសថលើសត្វ បន្ទាប់ពីរងការទិតៀន ពីក្រុមអ្នកតវ៉ាទាំងនោះលើកឡើង ។
គេបានដឹងថាលោក ម៉ា បានត្រូវពលរដ្ឋកោះតៃវ៉ាន់ បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី កោះតៃវ៉ាន់ នៅក្នុងឆ្នាំ ២០០៨ ហើយលោក និងរដ្ឋាភិបាលចិន ប្រៀបដូចជាមិត្ដសំឡាញ់នឹងគ្នាដូច្នេះដែរ ហើយបន្ទាប់ពីលោកបានឡើង កាន់តំណែងមក កោះតៃវ៉ាន់ និងចិន មានចំណងមេត្រីភាពជាមួយគ្នាបន្ដិចម្ដងៗ ក្នុងនោះមានការទំាងការទំនាក់ទំនង លើវិស័យពាណិជ្ជកម្មរវាងគ្នាកាន់តែប្រសើរផងដែរ ។
សូមបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់ និងចិន បានបែងចែកការគ្រប់គ្រង និងញែកពីគ្នាតាំងពីឆ្នាំ១៩៤៩ ខណៈដែលមាន សង្គ្រាមស៊ីវិលកើតឡើង ប៉ុន្ដែរដ្ឋាភិបាល ប៉េកាំងនៅតែចាត់ទុកកោះតៃវ៉ាន់ ជាអធិបតេយ្យភាពរបស់ខ្លួនដដែល ៕







